ឯកឧត្តម សួន វិជ្ជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមវេទិកាយុទ្ធសាស្រ្តកម្មសិទ្ធិបញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក-អាស៊ាន ស្តីពី ការប្រើប្រាស់សក្តានុពលនៃការចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ានសម្រាប់ប្រព័ន្ធអេកូកម្មសិទ្ធិបញ្ញាក្នុងតំបន់ដ៏រឹងមាំ
(ភ្នំពេញ)៖ នាថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន វិជ្ជា ជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានិងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមវេទិកាយុទ្ធសាស្រ្តកម្មសិទ្ធិបញ្ញារបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក-អាស៊ាន ស្តីពី ការប្រើប្រាស់សក្តានុពលនៃការចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ានសម្រាប់ប្រព័ន្ធអេកូកម្មសិទ្ធិបញ្ញាក្នុងតំបន់ដ៏រឹងមាំ (WIPO-ASEAN IP Strategic Forum: Harnessing the Potential of ASEAN IP Register for a Stronger Regional IP Ecosystem) ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃឡង់ដ៍ ដោយមានការចូលរួមពីប្រធានអង្គភាពកម្មសិទ្ធិបញ្ញានិងមន្រ្តីជំនាញរបស់បណ្តាប្រទេសអាស៊ាន តំណាងលេខាធិការដ្ឋានអាស៊ាន អង្គការបញ្ញាកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) អង្គភាពកម្មសិទ្ធិបញ្ញាចិន កូរ៉េ ជប៉ុន អូស្រា្តលី JETRO និងវិស័យឯកជនដែលធ្វើការងារពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligent) និងធុរៈកិច្ចឆ្លាតវៃ (Business Intelligent) ដោយមានអ្នកចូលរួមដោយផ្ទាល់សរុបប្រមាណ៦០ និងតាមប្រព័ន្ធវីដេអូ Zoom ជាច្រើនរូបទៀត។
កិច្ចប្រជុំបានពិភាក្សា ចែករំលែកបទពិសោធន៍ ទស្សនទានថ្មីៗ ក៏ដូចជាស្តាប់នូវបទបង្ហាញពីការវិវត្តរបស់បញ្ញាសិប្បនិម្មិតក្នុងការចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា។ ជាលទ្ធផល អង្គប្រជុំសម្រេចទទួលយកទស្សនទាន និងគំនិតល្អៗពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលជាធាតុចូលថ្មី ដើម្បីបន្តពិភាក្សាក្នុងកិច្ចប្រជុំ AWGIPC និងបន្តរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ការចុះបញ្ជីកម្មសិទ្ធិបញ្ញាអាស៊ាននាពេលខាងមុខ។