នាយកដ្ឋានកម្មសិទ្ធិបញ្ញា ស្ថិតនៅក្រោមការគ្រប់គ្រង និង​ដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម មានតួនាទី និងភារកិច្ចដូចតទៅ៖

  • ជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា
  • សហការ និងជំរុញក្រសួងពាក់ព័ន្ធចងក្រង និងអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ស្របតាមការសន្យាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករបស់កម្ពុជា
  • សហការជាមួយក្រសួងពាក់ព័ន្ធ ទទួលនិងប្រើប្រាស់ជំនួយបច្ចេកទេស ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញាពីអង្គការអន្តរជាតិ និងប្រទេសនានា
  • ទទួលបន្ទុកជាចំណុចកណ្តាល ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឬពហុភាគី លើវិស័យកម្មសិទ្ធិបញ្ញា ជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិផ្សេងៗ
  • សហការផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានា និងចំនេះដឹងកម្មសិទ្ធិបញ្ញា ដល់មហាជន ស្ថាប័ន អប់រំ និងមន្រ្តីអនុវត្តច្បាប់
  • ទទួលបន្ទុក និងសហការរៀបចំច្បាប់ និងបទប្បញ្ញត្តិ ទាក់ទងនឹងកម្មសិទ្ធិបញ្ញា ដូចខាងក្រោម៖
    • ម៉ាក   ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់
    • ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
    • កិច្ចការពារព័ត៍មានសម្ងាត់ពាណិជ្ជកម្ម
    • ការផ្ទេរអាជ្ញាប័ណ្ណ និងសិទ្ធិធ្វើអាជីវកម្ម
    • កម្មសិទ្ធិបញ្ញាផ្សេងៗទៀត ដែលជាសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម។
  • ធ្វើការចុះបញ្ជីរម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ព្រមទាំងកត់ត្រាការផ្តល់អាជ្ញាប័ណ្ណ និងការផ្តល់សិទ្ធិធ្វើអាជីវកម្មម៉ាក
  • ចេញលិខិតទទួលស្គាល់សិទ្ធិផ្តាច់មុខម៉ាកផលិតផលស្របតាមច្បាប់និងតាមសំនូមពររបស់ម្ចាស់ម៉ាកស្របច្បាប់
  • សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ក្រុង​ ក្នុងការទទួលពាក្យចុះបញ្ជី និងដោះស្រាយវិវាទ អំពីម៉ាក និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
  • ដោះស្រាយវិវាទនានា ទាក់ទងនឹងកម្មសិទ្ធិបញ្ញា ដែលជាសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម
  • សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការ ដើម្បីបញ្ឈប់ការរំលោភកម្មសិទ្ធិបញ្ញា
  • បង្កើត និងគ្រប់គ្រងគេហទំព័រ ដើម្បីផ្សព្វផ្សាយច្បាប់​ និងបទប្បញ្ញត្តិនានា ព្រមទាំងទិន្នន័យកម្មសិទ្ធិបញ្ញាដែលបានចុះបញ្ជីររួច
  • ចូលរួមសិក្សាស្រាវជ្រាវកិច្ចព្រមព្រៀង និងអនុសញ្ញាអន្តរជាតិនានា ដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញានិងធ្វើការពិចារណាអំពីប្រយោជន៍ជាតិ ក្នុងការចូលរួម​ជា​សមាជិក​ នៃកិច្ចព្រមព្រៀង ឬអនុសញ្ញាទាំងនោះ
  • ជំរុញការធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា និងការវាយតម្លៃទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញា ដែលជាសមត្ថកិច្ច​របស់​ក្រសួង​​ពាណិជ្ជកម្ម
  • អនុវត្តភារកិច្ចផ្សេងៗទៀត​ ដែលថ្នាក់ដឹកនាំប្រគល់ជូន។