រយៈពេលការពារ និងចុះបញ្ជីសាឡើងវិញ

មាត្រា ១០៩ ការចុះបញ្ជីគំនូរឧស្សាហកម្មមានសុពលភាពប្រាំ(៥)ឆ្នាំ ចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីសំណុំ​លិខិតស្នើសុំ។​ ការចុះបញ្ជីអាចធ្វើសាឡើងវិញបានចំនួនពីរ(២)ដងជាប់ៗគ្នា ដែលម្តងៗមាន​សុពលភាពប្រាំ(៥)ឆ្នាំ ដោយម្ចាស់គំនូរឧស្សាហកម្មត្រូវបង់កម្រៃបន្តសុពលភាពតាមការកំណ​ត់ ដូចមានចែងក្នុងមាត្រា ១៣០ នៃច្បាប់នេះ។​ ការយឺតយ៉ាវក្នុងការបង់កម្រៃបន្តសុពលភាពនេះ  ត្រូវអនុញ្ញាតយ៉ាងយូរត្រឹមប្រាំមួយ​(៦)ខែ ដោយត្រូវមានការបង់កម្រៃបន្ថែមលើការយឺតយ៉ាវនោះ​​​ ទៅតាមការកំណត់ ដូចមានចែងក្នុងមាត្រា ១៣០ នៃច្បាប់នេះ ។

ការចុះបញ្ជីសារជាថ្មីនៃគំនូរឧស្សាហកម្ម ត្រូវអនុវត្តដូចខាងក្រោម៖

១- អនុលោមតាមមាត្រា ១០៩ នៃច្បាប់ ការចុះបញ្ជីសាឡើងវិញ អាចត្រូវធ្វើឡើងដោយម្ចាស់ដែលបានចុះបញ្ជី ឬដោយភ្នាក់ងារតំណាងរបស់គាត់ក្នុងរយៈពេលប្រាំមួយ(៦)ខែមុនការផុត​កំណត់នៃការចុះបញ្ជី។

២-ការចុះបញ្ជីសារឡើងវិញត្រូវធ្វើឡើងដោយមានការបង់កម្រៃក្នុងការចុះបញ្ជីសា ឡើង​វិញក្នុងរយៈពេលដែលបានកំណត់ដូចមានចែងក្នុងចំណុច ១ នៃប្រការនេះ ឬក្នុងរយៈពេល​អនុគ្រោះ ចំនួនប្រាំមួយ (៦)ខែ ដូចមានចែងក្នុងមាត្រា ១០៩ នៃច្បាប់ដោយមានការបង់កម្រៃបន្ថែម លើ​ការ​យឺតយ៉ាវ។

៣-ការចុះបញ្ជីសារឡើងវិញនៃគំនូរឧស្សាហកម្មត្រូវកត់ត្រានៅក្នុងបញ្ជី និងត្រូវបោះពុម្ព ផ្សាយ។

៤-មន្រ្តីកាន់កាប់បញ្ជីត្រូវដំណើរការចេញវិញ្ញាបនបត្រចុះបញ្ជីសារឡើងវិញជូនដល់ម្ចាស់​ ដែលបានចុះបញ្ជីដែលក្នុងនោះ ត្រូវមាន ៖

ក-​ លេខចុះបញ្ជីនៃគំនូរឧស្សាហកម្ម

ខ-កាលបរិច្ឆេទនៃការចុះបញ្ជីសារឡើងវិញ និងកាលបរិច្ឆេទនៃការផុតកំណត់

គ- ឈ្មោះ និងអសយដ្ឋានរបស់ម្ចាស់ដែលបានចុះបញ្ជី និង

ឃ-ការបញ្ជាក់អំពីប្រភេទនៃផលិតផល ដែលគំនូរឧស្សាហកម្មត្រូវបានចុះបញ្ជី រួចហើយ។