នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤។ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការកសាងអនាគតរួមគ្នាជាមួយ នវានុវត្តន៍ និងគំនិតច្នៃប្រឌិត”។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកគឺជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់លើកកម្ពស់ការយល់ដឹងអំពីកម្មសិទ្ធិបញ្ញា វឌ្ឍនភាពបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងចំណោមសាធារណជន ជាពិសេសនវានុវត្តន៍ករ អ្នកស្រាវជ្រាវ និងសិស្ស-និស្សិត។