ភ្នាក់ងារ

ក្នុងករណីអ្នកដាក់ពាក្យសុំមានទីលំនៅអចិន្ដ្រៃយ៍ ឬទីតាំងប្រកបអាជីវកម្មសំខាន់ស្ថិតនៅក្រៅ​ព្រះរាជា​ណាចក្រ​កម្ពុជា អ្នកស្នើសុំនោះត្រូវតែមានតំណាងជាភ្នាក់ងារដែលមានទីលំនៅ និងកំពុងប្រកបវិជ្ជាជីវៈនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា និងដែលបានបំពេញតាមល័ក្ខខ័ណ្ឌតម្រូវទាំងឡាយដែលបានកំណត់។

ភ្នាក់ងារត្រូវអនុវត្តដូចខាងក្រោម  ៖

១-  អនុលោមតាមមាត្រា ១១៦ នៃច្បាប់ ការចាត់តាំងភ្នាក់ងារតំណាងត្រូវធ្វើឡើង តាមរយៈលិខិតប្រគល់សិទិ្ធដែលត្រូវចុះហត្ថលេខាដោយអ្នកដាក់ពាក្យសុំ ឬដោយអ្នកដាក់ពាក្យសុំម្នាក់ៗ ប្រសិនបើមានអ្នកដាក់ពាក្យសុំលើសពីមួយនាក់។ អសយដ្ឋានរបស់ភ្នាក់ងារតំណាងត្រូវចាត់ទុកថាជា​អសយដ្ឋានទាក់ទងដើម្បីបញ្ជូនដំំណឹងទៅបុគ្គលម្នាក់ ឬបុគ្គលច្រើននាក់ដែលបានចាត់តាំងភ្នាក់ងារនោះ សម្រាប់គោលបំណងទាំងឡាយដែលពាក់ព័ន្ធទៅនឹងច្បាប់ និងប្រកាសនេះនឹងបទប្បញ្ញតិ្តពាក់ព័ន្ធ។

២-  លិខិតប្រគល់សិទិ្ធឱ្យភ្នាក់ងារ ដូចមានចែងក្នុងចំណុច ១ នៃប្រការនេះ ត្រូវភ្ជាប់ មកជាមួយសំណុំលិខិតស្នើសុំ ឬដែលអាចត្រូវប្រគល់ក្នុងរយៈពេលពីរ(២)ខែ គិតចាប់ពីកាលបរិច្ឆេទ សុំចុះបញ្ជីនៃសំណុំលិខិតស្នើសុំនោះ។

៣- ប្រសិនបើការចាត់តាំងភ្នាក់ងារ មិនត្រូវបានអនុវត្តដូចមានចែងក្នុងចំណុច ២ នៃប្រការនេះទេ ហើយមិនស្របតាមមាត្រា ១១៦ នៃច្បាប់ចំណាត់ការជានីតិវិធីណាមួយ ដែលធ្វើដោយ ភ្នាក់ងារក្រៅពីការដាក់សំណុំលិខិតស្នើសុំចុះបញ្ជីត្រូវចាត់ទុកថាមិនបានធ្វើឡើយ។

៤-  ការតម្រូវនានាពាក់ព័ន្ធភ្នាក់ងារតំណាងរបស់អ្នកដាក់ពាក្យសុំ ដូចមានចែងក្នុង ចំណុច ១ នៃប្រការនេះ ត្រូវចែងដោយបទប្បញ្ញតិ្តដោយឡែក ដែលកំណត់ដោយក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល។