ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌលទិន្នន័យ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលទិន្នន័យ“(Data Center)” របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
បន្ទាប់ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបាន បង្កើតឡើងតាមព្រះរាជក្រមលេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បេសកកម្ម ចម្បងរបស់ក្រសួង គឺយកចិត្តទុកដាក់ និងផ្តោតជាអាទិភាពទៅលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រៅអំពីការកែទម្រង់រចនាសម្ព័ន្ធ និងភារកិច្ចសំខាន់មួយចំនួនននៃអតីតៈក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
ទន្ទឹមនឹងនេះ ក្រសួងក៏មានភារកិច្ចចាំបាច់ជាច្រើនក្នុងការងារអនុវត្តកិច្ចការជំនាញលើផ្នែកផ្សេងៗទៀត ដែលភ្ជាប់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យស៊ីចង្វាក់គ្នាប្រកបដោយសង្គតិភាពជាមួយនឹងភារកិច្ចថ្មីរបស់ក្រសួង ក្នុងបេសកកម្មឧស្សាហកម្ម-វិទ្យាសាស្រ្ត-បច្ចេកវិទ្យា-នវានុវត្តន៍។
ដើម្បីឆ្លើយតបឱ្យបានល្អនូវបេសកកម្មដ៏មានសារៈសំខាន់ទាំងនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំដល់អគ្គនាយកដ្ឋានកិច្ចការទូទៅ ធ្វើការសិក្សានិងរៀបចំគម្រោងដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យ (Data Center) ប្រកបដោយភាពគត់មត់មួយសម្រាប់រក្សានិងគ្រប់គ្រងនូវទិន្នន័យ ព័ត៌មានទាំងឡាយរបស់ក្រសួងសម្រាប់រយៈពេលខ្លី និងរយៈពេលវែង។
ផ្អែកតាមការងារនេះ ក្រសួងបានដាក់សំណើ និងគម្រោងមជ្ឈមណ្ឌលទិន្នន័យ (Data Center) ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយជាលទ្ធផលបានទទួលគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយអនុម័តឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ប្រើប្រាស់ថវិកាឆ្នាំ២០២១ ចំនួន៤ពាន់ ៦៥ លានរៀល ស្មេីនឹងប្រមាណ១លានដុល្លារអាមេរិកពីជំពូក២១ នៃកញ្ចប់ថវិកាគម្រោងវិនិយោគផ្ទាល់សម្រាប់កសាងមជ្ឈមណ្ឌល ទិន្នន័យ (Data Center)។
បន្ទាប់ពីបានទទួលគោលការណ៍ខាងលើ កិច្ចលទ្ធកម្មត្រូវបានអនុវត្តជាបន្តបន្ទាប់ទៅតាមនីតិវិធី ជាធរមានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រុមហ៊ុន អ៊ិនតេជ ដេវ (Intech Dev Co., Ltd) បានទទួលសិទ្ធិក្នុងការផ្គត់ផ្គង់និងកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Center) ឲ្យរួចជាស្ថាពរ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ នេះ នៅទីស្តីការក្រសួង ។
តាមប្រសាសន៍ស្វាគមន៍ និងរាយការណ៍ដោយឯកឧត្តម សឺន សូថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកិច្ចការទូទៅ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា៖សមត្ថភាពរបស់មជ្ឈមណ្ឌលទិន្នន័យនាពេលបច្ចុប្បន្នអាចធានា និងឆ្លេីយតបនឹងតម្រូវការរបស់ក្រសួងបានយ៉ាងហោច ៣ឆ្នាំទៅមុខទៀត ។ មជ្ឈមណ្ឌលទិន្នន័យនេះ ត្រូវបានរៀបចំជាពីរផ្នែក ទី១-បរិក្ខាគាំទ្រមជ្ឈមណ្ឌលទិន្នន័យ៖ ផ្នែកនេះត្រូវបានរចនា និងរៀបចំឡេីងដេីម្បីធានាដំណេីរការប្រកបដោយប្រសិទ្ធភាព សុពលភាព និងសុវត្ថភាពរបស់ឧបករណ៍ ទី២-ផ្នែកឧបករណ៍ព័ត៌មានវិទ្យា៖ផ្នែកទី២នេះមានឧបករណ៍បច្ចេកវិទ្យាព័ត៌មានដែលមានលក្ខណៈបច្ចេកវិទ្យាចុងក្រោយ និងកម្មវិធីសម្រាប់ត្រួតពិនិត្យប្រតិបត្តិការរបស់ឧបករណ៍ទាំងនេះ និងការរក្សាទុកទិន្នន័យ ដេីម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងនរន្តរភាពនៃការផ្តល់សេវាឌីជីថលជូនសាធារណៈជន ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអបអរសាទរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្ត្រីជំនាញអនុវត្តផ្ទាល់ ដែលបានខិតខំសម្រេចកិច្ចការដ៏ធំនេះ ។ ដែលយេីងអាចចាត់ទុកថាជាលេីកទី១ ដែលយេីងមានផ្ទះ មានវែក មានឆ្នាំងខ្លួនឯង ។ មជ្ឈមណ្ឌលទិន្នន័យនេះ មានសារៈសំខាន់ណាស់សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី១០ឆ្នាំ ២០ឆ្នាំមុន រហូតដល់បច្ចុប្បន្ន និងអនាគត ។ បេីទោះបីសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យអាចផ្ទុកឯកសារពីពេលមុន និងទៅមុខទៀតបានរយៈពេល៣ឆ្នាំក៏ដោយ តែយេីងអាចពង្រីកសមត្ថភាពរបស់វាជាបន្តបន្ទាប់ទៀត តាមធនធានដែលយេីងមាន ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី បានបន្ថែមថា៖ក្នុងយុគសម័យនៃការរីកចម្រេីន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់ ពីព្រោះជាទីតាំងប្រមូលផ្តុំឯកសារ ងាយស្រួលស្វែងរក សម្រាប់ម្រូវការសិក្សាស្រាវជ្រាវ រៀនសូត្រ ហេីយក៏ជាមជ្ឈមណ្ឌលរក្សាសុវត្ថភាពទិន្នន័យរបស់យេីងបានជាសង្ងាត់ និងយូរអង្វែងផងដែរ ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានណែនាំឲ្យអង្គភាពក្រោមឱវាទទាំងអស់ ចាប់ផ្តើមប្រមែប្រមូលឯកសារផ្លូវការរបស់ខ្លួនដាក់បញ្ចូលក្នុងមជ្ឈមណ្ឌលទិន្នន័យនេះ ជាបន្ដបន្ទាប់ ដេីម្បីរក្សាសុវត្ថភាព និងនិរន្តរភាពនៃឯកសារ និងទុកជាប្រយោជន៍សម្រាប់ជាតិក៏ដូចជាអ្នកបន្តវេនក្រោយៗទៀត ។
បន្ទាប់មក ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានអញ្ជេីញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលទិន្នន័យ“(Data Center)” របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីពេលនេះតទៅ ។