នៅរសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២១
តាមរយ:កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នៅទីស្តីការក្រសួង មានរៀបចំពិធីចុះហត្ថលេខារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាពិភពលោក ស្តីអំពីកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលេីគម្រោងអភិវឌ្ឍន៍សេវកម្មការិយាល័យកម្មសិទ្ធិបញ្ញា ។
ហត្ថលេខានៃពិធីចុះហត្ថលេខានេះ គឺរវាងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងឯកឧត្តម Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានជម្រាបជូនអង្គពិធីអំពីការរីក ចម្រេីនវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ជាពិសេសផ្នែកប្រកាសនីយបត្រតក្កកម្ម (Patent)ដេីម្បីការពារតក្កកម្ម និងគំនូរឧស្សាហកម្ម(Industrial Design)ក្រោយពេលដែលកម្ពុជា បានចូលជាសមាជិកសិទ្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (PCT) កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៦ និងការចូលជាសមាជិកកិច្ចព្រមព្រៀងទីក្រុង ហេច (ឡាអេ) សម្រាប់ការចុះបញ្ជីគំនូរឧស្សាហកម្មជាងន្តរជាតិ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ។
ជាមួយគ្នានេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយអង្គភាពកម្មសិទ្ធិបញ្ញាធំៗមួយចំនួនរួមមានដូចជា៖អង្គភាពកម្មសិទ្ធិបញ្ញា សឹង្ហបុរី-ជប៉ុន-កូរ៉េ-អឺរ៉ុប-ចិន និងអង្គភាពប្រកាសនីយបត្រតក្កកម្មពាណិជ្ចកម្មសហរដ្ឋអាមេរិក(USPTO)។
ឯកឧត្តម Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានជម្រាបជូនលទ្ធផលដែលសម្រេចបាន-ការប្រេីប្រាស់កម្មសិទ្ធិបញ្ញាសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងអំពីការផ្តល់ជំនួយបច្ចេកទេសផ្នែកព័ត៌មានវិទ្យាដល់អង្គភាព កម្មសិទ្ធបញ្ញា នៃប្រទេសជាសមាជិកចំនួន៩០ប្រទេស ។
ចំពោះខ្លឹមសារនៃពិធីចុះហត្ថលេខានេះផងដែរ គឺអង្គការ WIPO នឹងផ្តល់ជំនួយបច្ចេកទេសដល់ក្រសួង ក្នុងការលេីកកំពស់ប្រព័ន្ធស្វ័យប្រវត្តិកម្មជំនាន់ទី៣ ( Industrial Property Automation System Version 3 [IPAS-3]) ទៅជាជំនាន់ទី៤ Version 4 ដែលហៅពេញថា IPAS-4សម្រាប់កែលម្អរប្រព័ន្ធព័ត៌មានវិទ្យាដេីម្បីឲ្យមានប្រសិទ្ធភាពបម្រើដល់ការបោះពុម្ពផ្សាយតាមអេឡិចត្រូនិច(e-Publication) -ការដាក់ពាក្យសុំតាមអេឡិចត្រូនិច (e-filing)-ការគ្រប់គ្រងសម្រាប់ប្រកាសនីយបត្រតក្កកម្ម និងគំនូរឧស្សាហកម្ម-បណ្តុះបណ្តាលមន្ត្រីអំពីការប្រេីប្រាស់ប្រព័ន្ធ IPAS-4-ការផ្តល់ជំនួយបច្ចេកទេសក្នុងការបង្កើតមជ្ឈមណ្ឌលគាំទ្របច្ចេកវិទ្យា និងនវានុវត្តន៍ (TISC) ដេីម្បីជួយជម្រុញសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ។
ក្នុងឱកាសនោះផងដែរ អង្គការ WIPO សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញា ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណ ដល់អង្គការ WIPOដែលមានកិច្ចសហប្រតិប្តិការល្អ ការផ្តល់ជំនួយបច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍព័ត៌មានវិទ្យានៅកម្ពុជា ។