នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយស្តីពី ការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប នៅសណ្ឋាគារភ្នំពេញ រាជធានី ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក François-Régis Hannart, Principal Director for European and International Co- operation, ជាអ្នកតំណាងរបស់ប្រធានស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប, Mr. Youdy Bun, EuroCham Board Member, partner and founder of Bun & Associates, និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សាព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនទៀត។
ថ្លែងក្នុងពិធីបើក ឯកឧត្តមទេស រដ្ឋមន្រ្តី បានលើកឡើងថា ក្នុងបរិបទសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន នាបច្ចុប្បន្ននេះកម្មសិទ្ធិបញ្ញាគឺជាកម្មវត្ថុមួយដ៏មានសារៈសំខាន់សំរាប់ការធ្វើពាណិជ្ជកម្ម ការជម្រុញផលិតកម្ម ឧស្សាហកម្ម ជំម្រុញការប្រកួតប្រជែងទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ។ ក្នុងនោះប្រកាសនីយ បត្រតក្កកម្ម ដែលបានការពារកម្មសិទ្ធិបញ្ញាចំពោះរបកគំឃើញនៃការច្នៃប្រឌិត និងបង្កើតបច្ចេកវិទ្យាថ្មីៗ ក៏ដើរតួនាទីចម្បងក្នុងការចូលរួមចំណែកពង្រឹង និងពង្រីកក្នុងកិច្ច ការពារកម្មសិទ្ធិបញ្ញា និងជំរុញវិស័យសេដ្ឋកិច្ចឲ្យមានការរីកចម្រើនផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ដោយមើលឃើញពីការខ្វះខាតនូវធនធាន និងមន្ត្រីជំនាញបច្ចេកទេសក្នុងការស្រាវជ្រាវ ពិនិត្យវាយតម្លៃតក្កកម្ម ដើម្បីផ្តល់ប្រកាសនីយបត្រតក្កកម្មជូនអ្នកដាក់ពាក្យសុំការពារប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា និងម្យ៉ាងទៀតក្នុងគោលបំណង ទាក់ទាញអ្នកវិនិយោគពីសហភាពអឺរ៉ុប និងបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោកឲ្យចូលមកវិនិយោគ និងការពារកម្មសិទ្ធិបញ្ញានៅកម្ពុជាឲ្យ បានកាន់តែច្រើនឡើង ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានធ្វើការ សិក្សាស្រាវជ្រាវ ពិនិត្យមើល លទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិបញ្ញាជាមួយប្រទេសមួយចំនួន ដើម្បីពន្លឿនការផ្តល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ក្នុងនោះរួមមាន អង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី (IPOS) អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋប្រជាមានិតចិន (SIPO) និងបានធ្វើការសិក្សាលើកិច្ចព្រមព្រៀងស្តីពីការទទួលស្គាល់សុពលភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជា ណាចក្រកម្ពុជា និងស្ថាប័នប្រកាស នីយបត្រតក្កកម្មអឺរ៉ុប រហូតបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ហើយត្រូវបានរដ្ឋសភា និងព្រឹទ្ធសភា អនុម័តយល់ព្រមជាបន្តបន្ទាប់ និងត្រូវបាន ព្រះមហាក្សត្រឡាយព្រះហស្ថលេខា ដាក់ឲ្យប្រើនៅក្នុងខែវិច្ឆិកា
ឆ្នាំ២០១៧។
កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីទទួលស្គាល់សុពលភាពប្រកាស នីយបត្រតក្កកម្មអឺរ៉ុបនៅកម្ពុជា គឺជាការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនពាក្យសុំការការពារប្រកាសនីបត្រតក្កកម្មនៅកម្ពុជាឲ្យកាន់តែច្រើន ជំរុញការច្នៃប្រឌិត និងបង្កើតថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការការពារកម្មសិទ្ធិបញ្ញា រវាងកម្ពុជានិងសហភាពអឺរ៉ុប ទាក់ទាញការវិនិយោគ និងពង្រីកមូលដ្ឋានផលិតកម្ម រួមចំណែកពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋា ភិបាលបានដាក់ឲ្យអនុវត្តនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលជាគោល នយោបាយប្រកបដោយភាពប្រាកដ និយម ក្នុងការជម្រុញ ល្បឿននៃការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ផ្អែកតាមស្ថានភាព សេដ្ឋកិច្ចសង្គមបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សមស្របមួយ និងមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ក្នុងការទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប ហើយនេះគឺជាការ បោះជំហានដ៏វិជ្ជមានមួយនៃវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា។