រយៈពេលការពារ និងចុះបញ្ជីសាឡើងវិញ
មាត្រា ១០៩ ការចុះបញ្ជីគំនូរឧស្សាហកម្មមានសុពលភាពប្រាំ(៥)ឆ្នាំ ចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ។ ការចុះបញ្ជីអាចធ្វើសាឡើងវិញបានចំនួនពីរ(២)ដងជាប់ៗគ្នា ដែលម្តងៗមានសុពលភាពប្រាំ(៥)ឆ្នាំ ដោយម្ចាស់គំនូរឧស្សាហកម្មត្រូវបង់កម្រៃបន្តសុពលភាពតាមការកំណត់ ដូចមានចែងក្នុងមាត្រា ១៣០ នៃច្បាប់នេះ។ ការយឺតយ៉ាវក្នុងការបង់កម្រៃបន្តសុពលភាពនេះ ត្រូវអនុញ្ញាតយ៉ាងយូរត្រឹមប្រាំមួយ(៦)ខែ ដោយត្រូវមានការបង់កម្រៃបន្ថែមលើការយឺតយ៉ាវនោះ ទៅតាមការកំណត់ ដូចមានចែងក្នុងមាត្រា ១៣០ នៃច្បាប់នេះ ។
ការចុះបញ្ជីសារជាថ្មីនៃគំនូរឧស្សាហកម្ម ត្រូវអនុវត្តដូចខាងក្រោម៖
១- អនុលោមតាមមាត្រា ១០៩ នៃច្បាប់ ការចុះបញ្ជីសាឡើងវិញ អាចត្រូវធ្វើឡើងដោយម្ចាស់ដែលបានចុះបញ្ជី ឬដោយភ្នាក់ងារតំណាងរបស់គាត់ក្នុងរយៈពេលប្រាំមួយ(៦)ខែមុនការផុតកំណត់នៃការចុះបញ្ជី។
២-ការចុះបញ្ជីសារឡើងវិញត្រូវធ្វើឡើងដោយមានការបង់កម្រៃក្នុងការចុះបញ្ជីសា ឡើងវិញក្នុងរយៈពេលដែលបានកំណត់ដូចមានចែងក្នុងចំណុច ១ នៃប្រការនេះ ឬក្នុងរយៈពេលអនុគ្រោះ ចំនួនប្រាំមួយ (៦)ខែ ដូចមានចែងក្នុងមាត្រា ១០៩ នៃច្បាប់ដោយមានការបង់កម្រៃបន្ថែម លើការយឺតយ៉ាវ។
៣-ការចុះបញ្ជីសារឡើងវិញនៃគំនូរឧស្សាហកម្មត្រូវកត់ត្រានៅក្នុងបញ្ជី និងត្រូវបោះពុម្ព ផ្សាយ។
៤-មន្រ្តីកាន់កាប់បញ្ជីត្រូវដំណើរការចេញវិញ្ញាបនបត្រចុះបញ្ជីសារឡើងវិញជូនដល់ម្ចាស់ ដែលបានចុះបញ្ជីដែលក្នុងនោះ ត្រូវមាន ៖
ក- លេខចុះបញ្ជីនៃគំនូរឧស្សាហកម្ម
ខ-កាលបរិច្ឆេទនៃការចុះបញ្ជីសារឡើងវិញ និងកាលបរិច្ឆេទនៃការផុតកំណត់
គ- ឈ្មោះ និងអសយដ្ឋានរបស់ម្ចាស់ដែលបានចុះបញ្ជី និង
ឃ-ការបញ្ជាក់អំពីប្រភេទនៃផលិតផល ដែលគំនូរឧស្សាហកម្មត្រូវបានចុះបញ្ជី រួចហើយ។