ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការជាផ្លូវការសេវាកម្មចុះបញ្ជីអនឡាញ សម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលជាវឌ្ឍនភាពដ៏សំខាន់នៃការធ្វើទំនើបកម្មប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា។
ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន អង្គការក្នុងស្រុក និងអន្តរជាតិ រួមទាំងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងអង្គភាពប្រកាសនីយបត្រតក្កកម្មប្រទេសជប៉ុន (JPO) ។
ប្រព័ន្ធថ្មីនេះសម្រួលដល់ដំណើរការចុះបញ្ជីសម្រាប់ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាពជាងមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា ឱ្យស្របតាមស្តង់ដារអន្តរជាតិ ព្រមទាំងការពារនវានុវត្តន៍របស់កម្ពុជា និងអន្តរជាតិនៅក្នុងទីផ្សារពិភពលោក។