គម្រោងផ្លូវក្រវាត់ក្រុងទី៤ បាននឹងកំពុងសិក្សា ខណៈរាជរដ្ឋាភិបាលកំពុងរកលុយមកសាងសង់ផងដែរ។ ប៉ុន្ដែ មុននឹងគម្រោងនេះបើកដំណើរការសាងសង់ ទាល់តែគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានសាងសង់រួចរាល់ជាមុនសិន។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធី MPWT LIVE SHOW ស្ដីពីប្រធានបទ”សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣” នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

ក្នុងនោះឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា « យើងបានកំពុងសាងសង់ក្រវ៉ាត់ក្រុងទី៣ ក៏ប៉ុន្ដែយើងក៏កំពុងសិក្សាដែរ កំពុងសិក្សាក្រវ៉ាត់ក្រុងទី៤  អ៊ីចឹងយើងត្រៀមហើយ សិក្សាហើយ នឹងត្រៀមស្វែងរកថវិកាមកសាងសង់ក្រវ៉ាត់ក្រុងទី៤។ ប៉ុន្ដែមុនឈានទៅរកការសាងសង់ក្រវ៉ាត់ក្រុងទី៤ យើងត្រូវបញ្ចប់ការសាងសង់ក្រវ៉ាត់ក្រុងទី៣ ឲ្យក្លាយទៅជាក្រវ៉ាត់តែម្ដង។»