នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី (IPOS) បានចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម។ ពិធីចុះហត្ថលេខា ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញនេះ បង្ហាញពីការខិតខំប្រឹងប្រែងក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា (IP) ក្នុងវិស័យឧស្សាហកម្មរបស់ប្រទេសទាំងពីរ ។

នេះជាការបន្តសុពលភាពលើកទី២ លើអនុស្សរណៈយោគយល់ដំបូង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ និងបានបន្តសុពលភាពរយៈពេល៥ឆ្នាំម្តង។ អនុស្សរណៈនេះផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងគាំទ្រប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់កម្ពុជា តាមរយៈការកសាងសមត្ថភាព ការការពារកមុ្មសិទ្ធិបញ្ញា និងការអនុលោមតាមក្របខ័ណ្ឌអន្តរជាតិ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការនេះថា៖ “តាមរយៈការសហការជាផ្លូវការលើការងារ ដូចជាប្រកាសនីយបត្រតក្កកម្ម គំនូរឧស្សាហកម្ម ការបណ្តុះបណ្តាល និងការចែករំលែកឧត្តមានុវត្តន៍ យើងបានពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញា និងជំរុញការការពារកម្មសិទ្ធិឧស្សាហកម្មនៅក្នុងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិនេះ មិនត្រឹមតែជួយសម្រួលដល់ការទទួលស្គាល់កម្មសិទ្ធិបញ្ញាទៅវិញទៅមកប៉ុណ្ណោះទេ តែក៏ជាការបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងបរិបទនៃការវិវត្តជឿនលឿនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា។”