សំណុំលិខិតស្នើសុំ
I. សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម និងវិញ្ញាបនបត្រម៉ូដែលមានមានអត្ថប្រយោជន៍មានដូចខាងក្រោម៖
សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្មត្រូវដាក់ជូនទៅ ក្រសួងទទួលបន្ទុកឧស្សាហកម្មដែលក្នុងនោះត្រូវរួមមាន ពាក្យសុំសេចក្ដីអធិប្បាយអំពីតក្កកម្ម សេចក្ដីអះអាង គំនូសបង្ហាញប្រសិនបើចាំបាច់ និងខ្លឹមសារសង្ខេប ។ ការដាក់សំណុំលិខិតស្នើសុំត្រូវតែមានការបង់កម្រៃតាមការកំណត់ដូចមានចែងក្នុងមាត្រា ១៣០ នៃច្បាប់នេះ ។
សេចក្ដីអធិប្បាយ ត្រូវលើកបង្ហាញអំពីតក្កកម្មក្នុងលក្ខណៈច្បាស់លាស់និងពេញលេញ ដើម្បីឱ្យបុគ្គលដែលមានកម្រិតជំនាញធម្មតាក្នុងជំនាញអាចអនុវត្ដបាននូវតក្កកម្មនោះ ។ ដោយឡែក សេចក្ដីអធិប្បាយនោះ ត្រូវចង្អុលបង្ហាញឱ្យដឹងនូវវិធីដែលល្អជាងគេ ដើម្បីអនុវត្ដតាមបាននូវតក្កកម្មខាងលើ នៅពេលចុះកាលបរិច្ឆេទសុំចុះបញ្ជី ឬនៅពេលចុះកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំក្នុងករណីអាទិភាពត្រូវបានអះអាង ។
សេចក្ដីអះអាង ត្រូវតែកំណត់ឱ្យបានច្បាស់លាស់ អំពីចំណុចដែលសុំឱ្យមានការការពារ ។ សេចក្ដីអធិប្បាយ និងគំនូសបង្ហាញអាចត្រូវយកទៅប្រើប្រាស់បានសម្រាប់ធ្វើការបកស្រាយសេចក្ដីអះអាងនោះ ។ សេចក្ដីអះអាងត្រូវតែច្បាស់លាស់ និងសង្ខេប។ សេចក្ដីអះអាងនោះត្រូវតែផ្អែកទាំងស្រុងលើសេចក្ដីអធិប្បាយ។
គំនូសបង្ហាញ ចាំបាច់ត្រូវតែមាន ដើម្បីយកមកបកស្រាយពន្យល់អំពីតក្កកម្មនោះ ។
ខ្លឹមសារសង្ខេប ត្រូវបកស្រាយត្រឹមតែគោលបំណងនៃព័ត៌មានបច្ចេកទេសប៉ុណ្ណោះ មិនត្រូវបកស្រាយអំពីវិសាលភាពនៃការការពារឡើយ ។
សំណុំលិខិតស្នើសុំអន្ដរជាតិ ដែលព្រះរាជាណាចក្រកម្ពុជាជាប្រទេសដែលត្រូវបានជ្រើសរើស ត្រូវចាត់ទុកថាជាសំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម ឬវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ដែលបានសុំចុះបញ្ជីនៅក្រោមច្បាប់នេះ ដោយមានកាលបរិច្ឆេទសុំចុះបញ្ជីដូចគ្នាទៅនឹងកាលបរិច្ឆេទសុំចុះបញ្ជីអន្ដរជាតិដូចបានចែងនៅក្នុងសន្ធិសញ្ញាសហប្រតិបត្ដិការប្រកាសនីយបត្រតក្កកម្ម ។
II. សំណុំលិខិតស្នើសុំគំនូរបង្ហាញនៃសៀគ្វីបង្រួមមានដូចខាងក្រោម៖
លក្ខខណ្ឌតម្រូវនៃសំណុំលិខិតស្នើសុំចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួម មានដូចខាងក្រោម៖
១. សំណុំលិខិតស្នើសុំចុះបញ្ជីការពារគំនូរបង្ហាញនៃសៀគ្វីបង្រួមត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ និងត្រូវដាក់នៅនាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម។ គំនូរបង្ហាញនៃសៀគ្វីបង្រួមនីមួយៗ ត្រូវតែធ្វើសំណុំលិខិតស្នើសុំដោយឡែកៗ ពីគ្នា។
២. សំណុំលិខិតស្នើសុំត្រូវ៖
- មានពាក្យសុំចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួមដូចមាន ជូនភ្ជាប់ជាមួយ ឧបសម្ព័ន្ធ និងមានអធិប្បាយដោយសង្ខេប និងច្បាស់លាស់អំពីគំនូរបង្ហាញនៃសៀគ្វីបង្រួមនោះ។
- បញ្ជាក់អំពីឈ្មោះ អាសយដ្ឋាន សញ្ជាតិ និងអាសយដ្ឋានស្នាក់នៅរបស់អ្នកដាក់ពាក្យសុំ។
- ភ្ជាប់មកជាមួយនូវឯកសារចម្លង ឬគំនូរបង្ហាញនោះព្រមជាមួយនឹងព័ត៌មានបញ្ជាក់អំពីមុខងារអេឡិចត្រូនិចដែលសៀគ្វីបង្រួមនឹងយកទៅអនុវត្ត និងលិខិតប្រគល់សិទ្ធិប្រសិនបើមានការចាត់តាំងតំណាងរបស់អ្នកដាក់ពាក្យសុំ។
- បញ្ជាក់អំពីកាលបរិច្ឆេទធ្វើអាជីវកម្ម ពាណិជ្ជកម្មលើកដំបូងនៃគំនូរបង្ហាញនៃសៀគ្វីបង្រួមនៅទីកន្លែងណាមួយនៅលើពិភពលោក ឬបញ្ជាក់ថាការធ្វើអាជីវកម្មនោះមិនទាន់ចាប់ផ្តើមនៅឡើយទេ។
- ព័ត៌មានចាំបាច់ផ្សេងទៀតតាមការស្នើសុំរបស់មន្រ្តីកាន់កាប់បញ្ជី។