អត្ថប្រយោជន៍នៃការការពារ
សិទ្ធិដែលទទួលបានតាមរយៈប្រកាសនីយបត្រតក្កកម្ម
ការធ្វើអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជានូវតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្មរួចហើយដោយបុគ្គលដទៃទៀត ចាំបាច់ត្រូវតែមានការយល់ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្មនោះ ។ ការធ្វើអាជីវកម្ម នៃតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្មរួចហើ គឺមានន័យថាជាសកម្មភាពណាមួយនៃសកម្មភាពទាំងឡាយខាងក្រោមនេះ ៖
១- ចំពោះផលិតផលមួយ ដែលបានផ្តល់ជូននូវប្រកាសនីយបត្រតក្កកម្មរួចហើយ ការធ្វើអាជីវកម្មគឺជា ៖
- ការផលិត ការនាំចូល ការផ្គត់ផ្គង់សម្រាប់ការលក់ និងការប្រើប្រាស់ផលិតផលនោះ
- ការស្តុកទុកផលិតផលនោះ ក្នុងគោលបំណងផ្គត់ផ្គង់ សម្រាប់លក់ ឬប្រើប្រាស់
២- ចំពោះដំណើរការផលិតកម្មមួយ ដែលបានផ្តល់ជូននូវប្រកាសនីយបត្រតក្កកម្ម រួចហើយ ការធ្វើអាជីវកម្មគឺជា ៖
- ការប្រើប្រាស់ដំណើរការផលិតកម្មនោះ
- ការធ្វើសកម្មភាពណាមួយនៃសកម្មភាពទាំងឡាយដូចមានចែងក្នុងចំណុក ក និងចំណុច ខ នៃ ចំណុចទី ១ លើផលិតផល ដែលទទួលបានដោយផ្ទាល់ពីមធ្យោបាយនៃដំណើរការផលិតកម្មនោះ ។