តើអ្វីជាពូជថ្មីនៃដំណាំ?

ពូជថ្មីនៃដំណាំ សំដៅដល់ពូជដំណាំទាំងឡាយដែលទើបនឹងរកឃើញ និងអភិវឌ្ឍថ្មីៗ ដោយ​រុក្ខជម្រើសវិទូ ឬអ្នកបង្កាត់ពូជដំណាំ និងកាន់កាប់ផ្តាច់មុខយ៉ាងទូលំទូលាយក្នុងរយៈពេល​មួយជាក់​លាក់ដែល​កំណត់ដោយច្បាប់នេះ។

ពូជ សំដៅដល់រាល់ប្រភេទពូជដំណាំ ឬក្រុមផ្សេងៗនៃប្រភេទពូជដំណាំណាមួយដែល​មានលក្ខណៈ​ដូចគ្នា និងធ្វើឲ្យឃើញ​ប្លែកពីរុក្ខជាតិដទៃទៀតក្នុង​ប្រភេទពូជដំណាំតែមួយក្នុងលក្ខណៈមួយ ឬច្រើន ហើយដែល​លក្ខណៈទាំងនេះនៅតែអាចរក្សា​បាន​ ដើម្បីយកទៅប្រើប្រាស់ធ្វើ​ជាពូជ ឬការបង្កាត់ដោយសរីរាង្គដទៃទៀត។

ប្រសិនបើអ្នកជាបុគ្គលដែលបង្កាត់ រកឃើញ និងអភិវឌ្ឍពូជថ្មីនៃដំណាំ អ្នកត្រូវបានចាត់ទុកថាជា”អ្នកបង្កាត់ពូជដំណាំ”​

ហើយអ្នកអាច​ស្វែងរកកិច្ចការពារពូជ​ដំណាំ​ថ្មី ​របស់អ្នកដោយដាក់ពាក្យសុំកិច្ចការពារទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ពូជថ្មីនៃដំណាំដែលអាចទទួលបានសិទ្ធិការពារត្រូវមានលក្ខណៈវិនិច្ឆ័យ ដូចខាងក្រោម៖

– ភាពថ្មី

– ភាពខុសប្លែក

– ឯកសណ្ឋានភាព

– ស្ថេរភាព

– និងត្រូវបានដាក់ឈ្មោះសមរម្យ។

ភាពថ្មី

ពូជដំណាំដែលអាចចាត់ទុកថាថ្មី លុះត្រាតែពុំទាន់បានដាក់លក់ឬចរាចរលើទីផ្សារកន្លងមក ប៉ុន្តែដោយមានការឯកភាពពីអ្នកបង្កាត់ពូជ​ពូជថ្មីនៃដំណាំ​នោះត្រូវបាន​ដាក់លក់ ​ឬ​ចរាចរ​លើទីផ្សារ ក្នុងរយៈពេលមិនលើសពី១ ​​(មួយ)ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមិនលើសពី៦(ប្រាំមួយ)ឆ្នាំ ចំពោះដំណាំវល្លិ និងដំណាំឈើ និងមិនលើសពី៤(បួន)ឆ្នាំ ចំពោះគ្រប់ដំណាំផ្សេងៗ​ទៀត នៅក្រៅព្រះរាជាណាចក្រកម្ពុជា ដោយគិតមកដល់​ថ្ងៃដាក់ពាក្យស្នើសុំសិទ្ធិការពារ។

ភាពខុសប្លែក

ពូជដំណាំដែលចាត់ទុកថាមានភាពខុសប្លែកពីគេ លុះត្រាតែមានភាពខុសគ្នាដាច់ស្រឡះពីពូជឯទៀត ដែលគេស្គាល់ជាទូទៅ ត្រឹមកាលបរិច្ឆេទ​​នៃការ​ដាក់​ពាក្យ​​ស្នើ​សុំ​សិទ្ធិ​ឬកាលបរិច្ឆេទសិទ្ធិអាទិភាព។

ឯកសណ្ឋានភាព

ពូជដំណាំដែលចាត់ទុកថាមានឯកសណ្ឋានភាព លុះត្រាតែអាចរក្សាឯកសណ្ឋានភាពគ្រប់គ្រាន់នូវចរិតលក្ខណៈពាក់ព័ន្ធរបស់ពូជ

ទោះបីពូជដំណាំនោះ ត្រូវបានផលិត​តាមរយៈភេទឬអភេទក្តី។

ស្ថេរភាព

ពូជដំណាំដែលចាត់ទុកថាមានស្ថេរភាព លុះត្រាតែចរិតលក្ខណៈ​​ចំាបាច់របស់វាគ្មានការប្រែប្រួល​នៅគ្រប់ដំណាក់​កាលនៃវដ្ត​លូត​លាស់​និងជំនាន់នីមួយៗ។

ការដាក់ឈ្មោះពូជដំណាំ

ការដាក់ឈ្មោះពូជដំណាំ សម្រាប់សម្គាល់ឬញែកពូជដំណាំមួយទៅនឹងពូជដំណាំមួយផ្សេងទៀត។ អ្នកបង្កាត់ពូជដំណាំត្រូវស្នើ និងសុំការអនុញ្ញាត​ដើម្បីដាក់ឈ្មោះ​ពូជដំណាំ​ដែល​សមស្របសម្រាប់កំណត់ពូជដំណាំ។

ឈ្មោះពូជថ្មីនៃដំណាំ មួយចំនួនដូចខាងក្រោម ត្រូវបានចាត់ទុកថាមិនសមស្របៈ

ក- មិនអាចសម្គាល់ពូជដំណំាបាន

ខ- មានសញ្ញាតែមួយ លើកលែងតែសញ្ញានេះ អាចសម្គាល់ពូជដំណាំបាន

គ- នាំឱ្យសាធារណជនយល់ខុសឬបណ្តាលឱ្យភាន់ច្រឡំទៅនឹងចរិតលក្ខណៈ ឬតម្លៃ ឬ អត្តសញ្ញាណនៃពូជដំណាំ ឬអត្តសញ្ញាណរបស់អ្នកបង្កាត់ពូជដំណាំ

ឃ-ដូចទៅនឹងឈ្មោះពូជដំណាំ ដែលមានរួចហើយក្នុងប្រភេទដំណំាតែមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬ រដ្ឋជាភាគីហត្ថលេខី

ង- ដូចទៅនឹងឈ្មោះពូជដំណាំ ដែលទទួលបានសិទ្ធិមុន។

មានតែឈ្មោះដែលបានប្រើក្នុងការស្នើសុំ ឬ ចុះបញ្ជី នៅរដ្ឋជាភាគីហត្ថលេខីទេ ដែលត្រូវប្រើសម្រាប់ការស្នើសុំ ឬ ចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា​លើកលែងតែឈ្មោះ​ដែល​មានន័យមិនសមស្របតាមប្រពៃណីវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា អ្នកកាន់កាប់បញ្ជីអាចតម្រូវឱ្យផ្តល់​​ឈ្មោះថ្មីបាន។

​សិទ្ធិការពារពូជថ្មីនៃដំណាំ ពុំ​មាន​វិសាល​ភាព​គ្រប​ដណ្តប់​ចំពោះករណីដូចខាងក្រោម៖

១- ការប្រើប្រាស់ក្នុងគោលបំណងពិសោធន៍

២- ការដំាសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងគ្មានបំណងធ្វើពាណិជ្ជកម្ម

៣- ការប្រើប្រាស់ក្នុងគោលបំណងបង្កាត់ពូជដំណាំថ្មីផ្សេងទៀត លើកលែងតែវាក្យខណ្ឌទី ៤ មាត្រា ១៥ នៃច្បាប់នេះ។