សំណើសុំធ្វើសវនការ
ប្រការ៣៩ សវនការ ត្រូវអនុវត្តដូចខាងក្រោម៖
១- មុនពេលអនុវត្តអំណាចឆន្ទានុសិទិ្ធណាមួយដែលបានផ្តល់ឱ្យមន្រ្តីកាន់កាប់បញ្ជី ដោយច្បាប់ ឬដោយប្រកាសនេះ ចំពោះបុគ្គលណាម្នាក់ ដោយមិនអនុគ្រោះ មន្រ្តីកាន់កាប់បញ្ជីត្រូវជូន ដំណឹងជាលាយលក្ខណ៍អក្សរទៅបុគ្គលនោះ អំពីឱកាសសម្រាប់សវនការ ហើយបញ្ជាក់អំពីពេលវេលា កម្រិតមិនតិចជាងមួយ(១)ខែ សម្រាប់ការដាក់ពាក្យសុំធ្វើសវនការនោះ។
២- ពាក្យសុំធ្វើសវនការត្រូវធ្វើជាលាយលក្ខណ៍អក្សរ។
៣- នៅពេលទទួលពាក្យសុំធ្វើសវនការ មន្រ្តីកាន់កាប់បញ្ជីត្រូវជូនដំណឹងជាលាយ លក្ខណ៍អក្សរអំពីកាលបរិច្ឆេទ និងពេលវេលាធ្វើសវនការមិនតិចជាងរយះពេលពីរ(២)សប្តាហ៍ មុនកាលបរិច្ឆេទកំណត់ធ្វើសវនការទៅបុគ្គលដែលបានដាក់ពាក្យសុំ និងបុគ្គលពាក់ព័ន្ធផ្សេងៗទៀត។
ការប្តឹងជំទាស់ និងមន្ត្រីកាន់កាប់បញ្ជី
មាត្រា ១២៤ សេចក្ដីសម្រេចរបស់ក្រសួងទទួលបន្ទុកឧស្សាហកម្ម នៅក្រោមច្បាប់នេះជាពិសេសការផ្ដល់ប្រកាសនីយបត្រតក្កកម្ម ការផ្ដល់វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ការចុះបញ្ជីគំនូរឧស្សាហកម្ម ការបដិសេធសំណុំលិខិតស្នើសុំផ្ដល់ប្រកាសនីយបត្រតក្កកម្ម ការបដិសេធសំណុំលិខិតស្នើសុំផ្ដល់វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ឬការបដិសេធសំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្ម អាចជាកម្មវត្ថុនៃការប្ដឹងតវ៉ាដោយភាគីពាក់ព័ន្ធទៅតុលាការមានសមត្ថកិច្ចបាន។ បណ្ដឹងតវ៉ានោះត្រូវតែដាក់ក្នុងរយៈពេលបី(៣)ខែ ចាប់ពីថ្ងៃចេញសេចក្ដីសម្រេច។
ការរំលោភ និងសកម្មភាពមិនស្របច្បាប់
មាត្រា ១២៥ ការរំលោភ គឺជាការអនុវត្ដន៍សកម្មភាពរំលោភសិទ្ធិទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានចែងក្នុងផ្នែកទី ៩ នៃជំពូកទី ២ និងផ្នែកទី ៧ នៃជំពូកទី ៥ នៃច្បាប់នេះ ដោយបុគ្គលដទៃ និងដោយគ្មានការព្រមព្រៀងពីម្ចាស់ដែលបានទទួលសិទ្ធិការពារ។
មាត្រា ១២៦ តាមបណ្ដឹងរបស់ម្ចាស់ដែលបានទទួលសិទ្ធិការពារ ឬរបស់អ្នកទទួលអាជ្ញាប័ណ្ណ ក្រោយពីបានស្នើសុំទៅម្ចាស់ឱ្យប្ដឹងទៅតុលាការមានសមត្ថកិច្ចដើម្បីដោះស្រាយបញ្ហាជាក់លាក់អ្វីមួយ ប៉ុន្ដែម្ចាស់នោះបានបដិសេធ ឬខកខានមិនបានធ្វើតាមសំណើនោះទេ តុលាការមានសមត្ថកិច្ចអាចចេញសេចក្ដីសម្រេចបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការរំលោភ ឬការរំលោភដែលប្រុងនឹងកើតមានឡើង សម្រេចឱ្យសងការខូចខាត និងផ្ដល់នូវដំណោះស្រាយផ្សេងៗដែលមានចែងក្នុងច្បាប់ផ្សេងទៀតជាធរមាន។
មាត្រា ១២៧ ក្នុងករណីកម្មវត្ថុប្រកាសនីយបត្រតក្កកម្ម ឬវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ជាដំណើរការផលិតកម្មហើយត្រូវចោទប្រកាន់ថាបានប្រព្រឹត្ដរំលោភដោយបង្កើតជាផលិតផលតាមរយៈការប្រើប្រាស់ដំណើរការផលិតកម្មរបស់អ្នកចោទប្រកាន់នោះ គឺមិនត្រូវចោទប្រកាន់ទេ ប្រសិនបើផលិតផលនោះ គឺជាផលិតផលថ្មីហើយអ្នកដែលត្រូវចោទប្រកាន់ថារំលោភនោះ បានលើកភស្ដុតាងមកបញ្ជាក់ថាផលិតផលនោះមិនត្រូវបានផលិតតាមដំណើរការផលិតកម្មដែលបានចោទប្រកាន់ថារំលោភនោះទេ។
មាត្រា ១២៨ ក្នុងការទាមទាររកភស្ដុតាងមុនដំណាក់ការជម្រះក្ដី ដោយអនុលោមតាមមាត្រា ១២៧ នៃច្បាប់នេះ តុលាការមានសមត្ថកិច្ចត្រូវតែគិតគូរដល់ផលប្រយោជន៍ស្របច្បាប់របស់បុគ្គលដែលត្រូវចោទប្រកាន់ថារំលោភដោយមិនធ្វើឱ្យលេចឮខ្ចរខ្ចាយអំពីការសម្ងាត់នៃការផលិត និងការសម្ងាត់នៃរបរជំនួញរបស់បុគ្គលដែលត្រូវចោទកាន់នោះឡើយ។
ការដោះស្រាយទំនាស់
នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម មានសមត្ថកិច្ចបង្កើតយន្តការដោះស្រាយទំនាស់ ពាក់ព័ន្ធនឹងប្រព័ន្ធផ្តល់ប្រកាសនីយបត្រតក្កកម្ម និងវិញបនបត្រម៉ូដែលមានអត្ថប្រយោជន៍តាមការចំាបាច់។
មោឃភាព
មាត្រា ៦៥ បុគ្គលដែលមានការពាក់ព័ន្ធ អាចស្នើសុំទៅតុលាការមានសមត្ថកិច្ច ឱ្យទុកជាមោឃៈនូវប្រកាសនីយបត្រតក្កកម្មបាន ។
មាត្រា ៦៦ តុលាការមានសមត្ថកិច្ច ត្រូវចាត់ទុកជាមោឃៈនូវប្រកាសនីយបត្រតក្កកម្ម ប្រសិនបើបុគ្គលដែលស្នើសុំនូវមោឃភាពនោះ បានបង្ហាញភស្ដុតាងថាល័ក្ខខ័ណ្ឌតម្រូវណាមួយនៃវាក្យខណ្ឌទី ២ និងទី ៣ នៃមាត្រា ៣មាត្រា ៤ ដល់មាត្រា ៩ និងមាត្រា ១៨ ដល់មាត្រា ២០ នៃច្បាប់នេះ មិនត្រូវបានបំពេញគ្រប់គ្រាន់ ឬប្រសិនបើម្ចាស់ប្រកាសនីយបត្រតក្កកម្មមិនមែនជាតក្កករ ឬមិនមែនជាអ្នកស្នងរបស់តក្កករ ។
មាត្រា ៦៧ ចំពោះប្រកាសនីយបត្រតក្កកម្មដែលត្រូវបានចាត់ទុកជាមោឃៈ ឬសេចក្ដីអះអាង ឬផ្នែកនៃសេចក្ដីអះអាងដែលត្រូវចាត់ទុកថាមិនបានការ ត្រូវអស់សុពលភាពចាប់ពីថ្ងៃដែលផ្ដល់ប្រកាសនីយបត្រតក្កកម្មមក ។
មាត្រា ៦៨ សេចក្ដីសម្រេចជាស្ថាពររបស់តុលាការមានសមត្ថកិច្ចត្រូវបានជូនដំណឹងដល់មន្ដ្រីកាន់កាប់បញ្ជី ដើម្បីឱ្យមន្ដ្រីកាន់កាប់បញ្ជីកត់ត្រា និងចុះផ្សាយសេចក្ដីសម្រេចរបស់តុលាការឱ្យបានឆាប់រហ័សតាមលទ្ធភាពដែលអាចធ្វើទៅបាន ។