ការបោះពុម្ពផ្សាយ ការប្តឹងជំទាស់ ការចុះបញ្ជី និងបញ្ជី
ប្រការ ១៥ ការបោះពុម្ពផ្សាយ ការប្តឹងជំទាស់ ការចុះបញ្ជី និងបញ្ជីសម្រាប់គំនូរបង្ហាញនៃសៀគ្វីបង្រួមត្រូវអនុវត្តដូចខាងក្រោម៖
១- ក្នុងករណីដែលសំណុំលិខិតស្នើសុំបំពេញត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវនៃប្រការ ១២ និង ១៤ នៃប្រកាសនេះរួច ហើយមន្រ្តីកាន់កាប់បញ្ជីត្រូវផ្សព្វផ្សាយព័ត៌មានចាំបាច់នៃសំណុំលិខិតស្នើសុំនោះនៅក្នុងព្រឹត្តបត្រផ្លូវការមុនពេលចុះបញ្ជី។
២- បុគ្គលដែលមានការពាក់ព័ន្ធអាចជូនដំណឹងទៅ មន្ត្រីកាន់កាប់បញ្ជីអំពីការជំទាស់របស់ខ្លួនចំពោះការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួមតាមបែបបទ ដែលបានកំណត់ដោយឈរលើមូលដ្ឋាននៃការមិនបានបំពេញលក្ខខណ្ឌណាមួយនៃ ប្រការ ៥, ៦, ៧, និងបទបញ្ជាពាក់ព័ន្ធក្នុងរយៈពេល ៣០ (សាមសិប)ថ្ងៃ បន្ទាប់ពីបានចុះផ្សាយក្នុងព្រឹត្តិបត្រផ្លូវការ។
៣- ក្នុងករណីមានការជំទាស់ មន្ត្រីកាន់កាប់បញ្ជីត្រូវបញ្ជូនជាបន្ទាន់នូវព័ត៌មានជំទាស់ទៅអ្នកដាក់ពាក្យសុំចុះបញ្ជីតាមពេលវេលា។ បន្ទាប់មកអ្នកស្នើសុំចុះបញ្ជីត្រូវផ្តល់ចម្លើយបញ្ជាក់ដោយផ្អែកលើមូលដ្ឋានទាំងឡាយ សម្រាប់ការចុំបញ្ជីរបស់ខ្លួនជូនមន្ត្រីកាន់កាប់បញ្ជីទៅតាមរយៈពេលដែលកំណត់ដោយមន្ត្រីកាន់កាប់បញ្ជី។ ប្រសិនបើអ្នកដាក់ពាក្យសុំមិនបានឆ្លើយតបតាមការកំណត់នោះទេត្រូវចាត់ទុកថា អ្នកដាក់ពាក្យសុំនោះបានបោះបង់ចោលការសុំចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួមរបស់ខ្លួន។
៤- ប្រសិនបើអ្នកដាក់ពាក្យសុំផ្តល់ចម្លើយបដិសេធទៅនឹងការជំទាស់នោះ មន្ត្រីកាន់កាប់បញ្ជីត្រូវផ្តល់ចម្លើយមួយច្បាប់ទៅអ្នកដែលបានប្តឹងជំទាស់។ ប្រសិនបើភាគីម្ខាង ឬភាគីទាំងសងខាងមានបំណងចង់ឲ្យមានសវនាការមន្ត្រីកាន់កាប់បញ្ជី ត្រូវរៀបចំឲ្យមានសវនាការនោះ។ បន្ទាប់ពីបានស្តាប់ភាគីទាំងសងខាង និងពិចារណាលើពាក្យតវ៉ា មន្ត្រីកាន់កាប់បញ្ជីត្រូវសម្រេចថា គំនូរបង្ហាញនៃសៀគ្វីបង្រួមអាចដំណើរការចុះបញ្ជីបាន ឬបដិសេធការចុះបញ្ជី។
៥- ប្រសិនបើគ្មានការជំទាស់រយៈពេល ៣០(សាមសិប)ថ្ងៃ បន្ទាប់ពីបានចុះផ្សាយក្នុងព្រឹត្តិបត្រផ្លូវការនោះទេមន្ត្រីកាន់កាប់បញ្ជីត្រូវដំណើរការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួមនោះ។
៦- នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្មត្រូវមានបញ្ជីសម្រាប់គំនូរបង្ហាញនៃសៀគ្វីបង្រួម។ មន្រ្តីកាន់កាប់បញ្ជីត្រូវកត់ត្រាគំនូរបង្ហាញនៃសៀគ្វីបង្រួម ដែលបានចុះបញ្ជីនៅក្នុងបញ្ជីនេះនូវព័ត៌មានដូចខាងក្រោម៖
- លេខ
- ចំណងជើង
- កាលបរិច្ឆេទទទួលពាក្យសុំ
- កាលបរិច្ឆេទសុំចុះបញ្ជី
- កាលបរិច្ឆេទលើកដំបូងក្នុងការយកគំនូរបង្ហាញនៃសៀគ្វីបង្រួម ទៅធ្វើអាជីវកម្មនៅទីកន្លែងណាមួយនៅលើពិភពលោកប្រសិនបើមាន។
- ឈ្មោះ និងអសយដ្ឋានរបស់ម្ចាស់សិទ្ធិ និង
- ចំណុចសំខាន់ៗផ្សេងទៀតដែលចាំបាច់។
ការរំលោភបំពាន
ប្រការ ១៨ ការអនុវត្តសកម្មភាពណាមួយដែលមិនស្របនឹងប្រការ ៨ នៃប្រកាសនេះត្រូវចាត់ទុកវាជាការរំលោភបំពាន។
ការដោះស្រាយទំនាស់
ប្រការ ១៩ ការដោះស្រាយទំនាស់ត្រូវអនុវត្តដូចខាងក្រោម៖
១- រាល់ទំនាស់ដែលកើតមានឡើងពាក់ព័ន្ធទៅនឹងការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួមត្រូវប្តឹងតវ៉ាទៅមន្រ្តីកាន់កាប់បញ្ជីដើម្បីធ្វើការដោះស្រាយ។
២- នាយកដ្ឋានកម្មសិទ្ធិឧស្សាហកម្ម ត្រូវបង្កើតយន្តការដោះស្រាយទំនាស់ពាក់ព័ន្ធទៅនឹងការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួមតាមការចាំបាច់។
មោឃភាព
ប្រការ ១៦ ចំពោះមោឃភាព ត្រូវអនុវត្តដូចខាងក្រោម៖
១- បុគ្គលដែលមានការពាក់ព័ន្ធអាចស្នើសុំឲ្យទុកជាមោឃៈនូវការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួមចំពោះមូលហេតុដូចខាងក្រោម៖
ក- គំនូរបង្ហាញនៃសៀគ្វីបង្រួមមិនត្រូវបានការពារនៅក្រោមប្រការ ៥, ៦, ៧ នៃប្រកាសនេះ។
ខ- ម្ចាស់សិទ្ធិពុំមានសិទ្ធិចំពោះការការពារនៅក្រោមប្រកាសនេះ។
គ- ក្នុងករណីដែលគំនូរបង្ហាញសៀគ្វីបង្រួម ត្រូវបានយកទៅធ្វើអាជីវកម្ម ពាណិជ្ជកម្មនៅទីកន្លែងណាមួយនៅមួយនៅលើពិភពលោកមុនការដាក់សំណុំលិខិតស្នើសុំចុះបញ្ជី ហើយសំណុំលិខិតស្នើសុំនោះពុំបានយកមកដាក់ត្រឹមត្រូវតាមពេលវេលាកំណត់ដូចមានចែងក្នុងប្រការ ៥ នៃប្រកាសនេះ។
២- ក្នុងករណីដែលមូលហេតុនៃមោឃភាពប៉ះពាល់តែមួយផ្នែក នៃគំនូរបង្ហាញនៃសៀគ្វីបង្រួមទេនោះ គឺធផ្នែកនោះឯងតែប៉ុណ្ណោះដែលត្រូវបានចាត់ទុកជាមោឃៈ។
៣- សំណើសុំចាត់ទុកជាមោឃៈនូវការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួមត្រូវតែសរសេរជាលាយល័ក្ខណ៍អក្សរហើយដាក់ជូនទៅមន្រ្តីកាន់កាប់បញ្ជីដើម្បីពិនិត្យ និងសម្រេច។ សំណើសុំចាត់ទុកជាមោឃៈ ត្រូវមានបញ្ជាក់អំពីមូលហេតុដែលធ្វើជាមូលដ្ឋានក្នុងការស្នើសុំឲ្យចាត់ទុកជាមោឃៈចំពោះការចុះបញ្ជីគំនូរបង្ហាញនៃសៀគ្វីបង្រួមនោះ។
៤- គំនូរបង្ហាញនៃសៀគ្វីបង្រួមដែលបានចុះបញ្ជីរួចហើយ ឬផ្នែករបស់គំនូរបង្ហាញនៃសៀគ្វីបង្រួមដែលត្រូវបានចាត់ទុកជាមោឃៈនោះ ត្រូវអស់សុពលភាពចាប់ពីកាលបរិច្ឆេទចាប់ផ្តើមនៃកិច្ចការពារគំនូរបង្ហាញនៃសៀគ្វីបង្រួមនោះ។