ភ្នាក់ងារ

អ្នកបង្កាត់ពូជដំណាំ អាចដាក់ពាក្យស្នើសុំដោយខ្លួនឯង ឬភ្នាក់ងារតំណាងមកដាក់​ពាក្យ​ស្នើសុំជំនួសខ្លួនបាន។

ក្នុងករណីអ្នកដាក់ពាក្យសុំមានទីលំនៅអចិន្ដ្រៃយ៍ ឬទីតាំងប្រកបអាជីវកម្មសំខាន់ស្ថិតនៅក្រៅ​ព្រះរាជា​ណាចក្រ​កម្ពុជា អ្នកស្នើសុំនោះត្រូវតែមានតំណាងជាភ្នាក់ងារដែលមានទីលំនៅ និងកំពុងប្រកបវិជ្ជាជីវៈនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា និងដែលបានបំពេញតាមល័ក្ខខ័ណ្ឌតម្រូវទាំងឡាយដែលបានកំណត់។

ភ្នាក់ងារតំណាងត្រូវបំពេញលក្ខខណ្ឌជាអាទិ៍ដូចខាងក្រោម៖

១- ការចាត់តាំងភ្នាក់ងារតំណាង ត្រូវធើ្វឡើងតាមរយ:លិខិត​ប្រគល់សិទ្ធិដែលចុះហត្ថលេខាដោយអ្នកដាក់ពាក្យសុំ ឬដោយអ្នកដាក់ពាក្យសុំម្នាក់ៗ ប្រសិនបើអ្នកដាក់ពាក្យសុំ​លើសពីមួយនាក់។ អាសយដ្ឋានរបស់ភ្នាក់ងារតំណាងត្រូវចាត់ទុកថាជាអាសយដ្ឋានទាក់ទង ដើម្បីបញ្ជូនដំណឹងទៅ​បុគ្គល​ម្នាក់ ឬច្រើននាក់ ដែលបានចាត់តាំងភ្នាក់ងារតំណាងនោះ សម្រាប់គោលបំណងទាំងឡាយដែល​ពាក់ព័ន្ធនឹងច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និង​ប្រកាសអន្តរក្រសួងនេះ។

២- លិខិតប្រគល់សិទ្ធិឲ្យធ្វើជាភ្នាក់ងារតំណាង ដូចមានចែងក្នុងចំណុច១នៃប្រការនេះ ត្រូវដាក់ភ្ជាប់មកជាមួយសំណុំលិខិតស្នើសុំ ឬដែលអាចប្រគល់ក្នុងរយៈពេលពីរ(២)ខែ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីនៃសំណុំលិខិតស្នើសុំនោះ។

៣- ភ្នាក់ងារតំណាង ដែលដាក់ពាក្យស្នើសុំចុះបញ្ជីពូជថ្មីនៃដំណាំក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ក្នុងការទំនាក់ទំនងដាក់ពាក្យសុំ។