រយៈពេលការពារ និងបង់កម្រៃប្រចាំឆ្នាំ
- ប្រកាសនីយបត្រតក្កកម្ម មានសុពលភាពរយៈពេលម្ភៃ(២០)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីនៃការស្នើសុំប្រកាសនីយបត្រតក្កកម្ម លុះត្រាតែបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុង មាត្រា៤៦ នៃច្បាប់។
- វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ មានសុពលភាពរយៈពេលប្រាំពីរ(៧)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីស្នើសុំវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ដោយមិនមានការផ្តល់ជាថ្មីឡើងវិញឡើយ។
- ការបង់កម្រៃប្រចាំឆ្នាំត្រូវបង់ជាមុនជូនមន្ដ្រីកាន់កាប់បញ្ជីសម្រាប់រយៈពេលមួយ(១)ឆ្នាំម្ដងៗ ដោយគិតចាប់ពីពេលមួយ(១)ឆ្នាំក្រោយកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម ដើម្បីរក្សាសុពលភាពនៃប្រកាសនីយបត្រតក្កកម្ម ឬសំណុំលិខិតស្នើសុំនៃប្រកាសនីយបត្រតក្កកម្មនោះ ។ ការយឺតយ៉ាវក្នុងការបង់កម្រៃប្រចាំឆ្នាំ ត្រូវបានអនុញ្ញាតយ៉ាងយូរប្រាំមួយ(៦)ខែ ដោយមានការបង់កម្រៃបន្ថែមលើការយឺតយ៉ាវនេះ តាមការកំណត់ដូចមានចែងក្នុងមាត្រា ១៣០ នៃច្បាប់នេះ ។ ប្រសិនបើមិនបានបង់កម្រៃប្រចាំឆ្នាំ ទៅតាមល័ក្ខខ័ណ្ឌដែលមានចែងនៅក្នុងមាត្រានេះ សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្មនឹងត្រូវចាត់ទុកថាបានដកយកទៅវិញ ឬប្រកាសនីយបត្រតក្កកម្មត្រូវអស់សុពលភាព ។
- ការការពារគំនូរបង្ហាញនៃសៀគ្វីបង្រួមមានរយៈពេលដប់(១០)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមកិច្ចការពារ។