តើអ្វីជាប្រកាសនីយបត្រតក្កកម្ម?

ប្រកាសនីយបត្រតក្កកម្ម គឺជាវិញ្ញាបនបត្រដែលបាន ផ្តល់ដើម្បីការពារតក្កកម្ម។

*តក្កកម្ម គឺជាគំនិតរបស់តក្កករ ដែលអាចយកទៅអនុវត្តបាននៅក្នុងដំណោះស្រាយបញ្ហាជាក់​លាក់ណាមួយក្នុងវិស័យបច្ចេកវិទ្យា។តក្កកម្មអាចជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយ ដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។

I- លក្ខខណ្ឌដែលទទួលបានប្រកាសនីយបត្រតក្កកម្ម លុះត្រាតែតក្កកម្មនោះ ៖

 •  ថ្មី
 •  មានជំហានរកឃើញថ្មី និង
 •  អាចយកទៅអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម
*ថ្មី

តក្កកម្មដែលអាចចាត់ទុកថាថ្មីបាន លុះត្រាតែតក្កកម្មនោះពុំទាន់មានអ្នកណាបានរកឃើញពីមុន ។ ការរកឃើញពីមុន គឺតក្កកម្មដែលសាធារណជន នៅកន្លែងណាមួយនៅលើពិភពលោកបានដឹងមុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ តាមរយៈការផ្សព្វផ្សាយ ដោយប្រើរូបភាពជាក់ស្តែង ឬដោយផ្ទាល់មាត់ តាមរយៈការប្រើប្រាស់តក្កកម្មនោះ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត ។

មិនត្រូវចាត់ទុកថាជាការដឹងដល់សាធារណជន ចំពោះករណីដូចខាង ក្រោម ៖

 • ការដឹងដល់សាធារណជននូវតក្កកម្ម ដែលបានកើតឡើងក្នុងអំឡុងពេលដប់ពីរ(១២)ខែ មុនកាល បរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ ។
 • ការធ្វើឱ្យលេចឮខ្ចរខ្ចាយពត៌មានស្តីអំពីតក្កកម្ម តាមរយៈអ្នកដាក់ពាក្យសុំ តាមរយៈអ្នកស្នងរបស់បុព្វជន ឬតាមរយៈការរំលោភរបស់ភាគីទីបីទៅលើអ្នកដាក់ពាក្យសុំ ឬអ្នកស្នងរបស់បុព្វជនដែលបណ្តាលឱ្យលេចឮខ្ចរខ្ចាយពត៌មាននេះ ។
ជំហានរកឃើញថ្មី

តក្កកម្មត្រូវចាត់ទុកថាមានជំហានរកឃើញថ្មី ប្រសិនបើតក្កកម្មនោះមិនអាចឱ្យបុគ្គលណាដែលមានកម្រិតធម្មតាក្នុងជំនាញយល់ដឹងបាន ។

 • អាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម

តក្កកម្មមួយត្រូវចាត់ទុកថាអាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម ប្រសិនបើតក្កកម្មនោះអាចត្រូវផលិត ឬត្រូវប្រើប្រាស់នៅក្នុងប្រភេទណាមួយនៃឧស្សាហកម្មបាន ។

II- តក្កកម្មខាងក្រោមនេះ មិនត្រូវបានការពារដោយប្រកាសនីយបត្រតក្កកម្ម៖

 •  ការរកឃើញ ទ្រឹស្តីវិទ្យាសាស្រ្ត និងវិធីសាស្ត្រគណិតវិទ្យា
 • គម្រោងការ ក្បួន ឬវិធីសាស្រ្តសំរាប់ធ្វើជំនួញ សម្រាប់ធ្វើសកម្មភាពហ្វឹកហ្វឺនខាងប្រាជ្ញាសុទ្ធសាធ ឬសម្រាប់លេងល្បែងកំសាន្ត
 • វិធីសាស្រ្តសម្រាប់ព្យាបាលមនុស្ស ឬសត្វ ដោយការវះកាត់ ឬដោយការព្យាបាល ក៏ដូចជាវិធីសាស្ត្រវិនិច្ឆ័យរោគដែលបានអនុវត្តលើរាងកាយមនុស្ស ឬសត្វ។ បទប្បញ្ញតិ្តនេះមិនយកមកអនុវត្តចំពោះផលិតផលទាំងឡាយដែលយកមកប្រើប្រាស់ក្នុងវិធីសាស្ត្រខាងលើនេះទេ
 • ផលិតផលឱសថដូចមានចែងក្នុងមាត្រា ១៣៦ នៃច្បាប់
 • រុក្ខជាតិ ឬសត្វដែលមិនមែនជាមីក្រូសរីរាង្គ និងដំណើរការកកើត តាមលក្ខណៈជីវសាស្រ្តសំខាន់ៗសម្រាប់ផលិតកម្មរុក្ខជាតិ ឬសត្វ
 • ប្រភេទផ្សេងៗនៃពូជរុក្ខជាតិណាមួយ។

តក្កកម្មណាដែលការធ្វើអាជីវកម្មពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា៖

ផ្ទុយ និងសណ្តាប់ធ្នាប់សធារណៈ ឬសីលធម៌ មិនការពារជីវិត ឬសុខភាពរបស់មនុស្ស សត្វ ឬរុក្ខជាតិ​ ធ្វើឱ្យខូចបរិស្ថានធ្ងន់ធ្ងរ ឬត្រូវបានច្បាប់ហាមឃាត់មិនត្រូវផ្តល់ប្រកាសនីយបត្រតក្កកម្មឱ្យទេ ។