នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលប្រជុំអង្គរវត្តជាន់ទី៩ អាគារចម ប្រសិទ្ធិ មានប្រារព្ធពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដោយឯកឧត្តម ង៉ែត វិបុល ជាមួយសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាតំណាង ដោយ ឯកឧត្តម កង តារាវុធ ក្រោមអធិបតីភាព ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួង ឧវបន។ អនុស្សរណៈនេះ ធ្វើឡើងក្នុងគោល បំណងផ្តល់ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងការផ្ដល់ការគាំពារផ្នែកច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិឧស្សាហកម្ម ។
នៅក្នុងមតិសំណេះសំណាលរបស់ឯកឧត្តម ភោគ សុវណ្ណរិទ្ធ ជាអធិបតី និងជាសាក្សី នៃអង្គពិធីបានបញ្ជាក់ថា នេះកិច្ចសហការគ្នា ដ៏ល្អមួយដែលបានចាប់ដៃគ្នាធ្វើកិច្ចការក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញា ដើម្បីគាំទ្រប្រព័ន្ធប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និង គំនូរឧស្សាហកម្ម ព្រមទាំងពូជថ្មីនៃដំណាំ ឱ្យមានការផ្សព្វផ្សាយឱ្យបានកាន់តែច្រើនថែមទៀតទៅដល់មហាជន អ្នកសិក្សាស្រាវជ្រាវ និងសហគ្រាសធុនតូច និងមធ្យម យល់ដឹង ពីអត្ថប្រយោជន៍ ដែលទទួលបានពី សិទ្ធិបញ្ញារបស់គាត់។ ការចុះហត្ថលេខាថ្ងៃនេះ បានបង្ហាញពីកិច្ចសហការគ្នាល្អរវាងវិស័យរដ្ឋាភិបាល និងផ្នែកឯកជន ដែលបាន រួមគ្នាអនុវត្ត ធ្វើយ៉ាងណាជំរុញវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យមានភាពទូលំទូលាយ និងសូមឱ្យភាគីទាំងពីរបន្តរៀបចំផែនការដើម្បី អនុវត្តកិច្ចសហប្រតិបត្តិការនេះប្រកបដោយជោគជ័យ ។