បណ្តឹងជំទាស់ និងបណ្តឹងឧបាស្រ័យ
មាត្រា ៣២ បុគ្គលដែលពាក់ព័ន្ធអាចដាក់ពាក្យប្តឹងជំទាស់ ចំពោះការការពារពូជថ្មីនៃដំណាំទៅមន្ត្រីកាន់កាប់បញ្ជីក្នុងរយៈពេល ៣(បី)ខែ បន្ទាន់ពីលទ្ធផលនៃការពិនិត្យបានបោះពុម្ពផ្សាយក្នុងព្រឹត្តបត្រផ្លូវការ។
មាត្រា ៣៣ បុគ្គលណាដែលមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់មន្ត្រីកាន់កាប់បញ្ជី ក្នុងការផ្តល់សិទ្ធិការពារពូជថ្មីនៃដំណាំ អាចធ្វើបណ្តឹងឧបាស្រ័យចំពោះការសម្រេចនោះទៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
ការបញ្ចប់ មោឃភាព និងការលុបចោល
មាត្រា ២០ សិទ្ធិការពារពូជថ្មីនៃដំណាំត្រូវបានបញ្ចប់ក្នុងករណីដែលម្ចាស់សិទ្ធិបោះបង់ចោលសិទ្ធិ ដោយធ្វើលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរជូនមន្ត្រីកាន់កាប់បញ្ជី។ កាលបរិច្ឆេទនៃការបញ្ចប់ ត្រូវបញ្ជក់ក្នុងលិខិតជូនដំណឹង ឬបើគ្មានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៅក្នុងលិខិតជូនដំណឹងនោះទេ ត្រូវយកកាលបរិច្ឆេទដែលមន្រ្តីកាន់កាប់បញ្ជីទទួលបានលិខិតជូនដំណឹងនោះ។ មន្រ្តីកាន់កាប់បញ្ជីត្រូវបោះពុម្ពផ្សាយក្នុងព្រឹត្តិបត្រផ្លូវការអំពីការបោះបង់ចោលសិទ្ធិនេះ។
មាត្រា ២១ មន្ត្រីកាន់កាប់បញ្ជី ត្រូវប្រកាសជាមោឃភាពនូវសិទ្ធិរបស់ម្ចាស់សិទ្ធិពូជថ្មីនៃដំណាំក្នុងករណីរកឃើញថា៖
១- លក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៧ ឬ មាត្រា ៨ នៃច្បាប់នេះមិនបានបំពេញដូចកាលពីលេពផ្តល់សិទ្ធិ
២- លក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៩ ឬ មាត្រា ១០ នៃច្បាប់នេះ មិនបានបំពេញដូចកាលពីពេលផ្តល់សិទ្ធិ ដោយផ្អែកលើព័ត៌មាន និងឯកសារដែលផ្តល់ដោយអ្នកបង្កាត់ពូជដំណាំ
៣- សិទ្ធិជាម្ចាស់ពូជថ្មីនៃដំណាំ ត្រូវបានផ្តល់ទៅឲ្យបុគ្គលដែលគ្មានសិទ្ធិទទួល។
ក្នុងករណីទទួលបានពាក្យសុំមោឃភាពសិទ្ធិពូជថ្មីនៃដំណាំ មន្ត្រី កាន់កាប់បញ្ជីត្រូវពិនិត្យពាក្យសុំ និងជូនដំណឹងទៅម្ចាស់សិទ្ធិអំពីមោឃភាព ដើម្បីឲ្យម្ចាស់សិទ្ធិធ្វើការតវ៉ាក្នុងរយៈពេល ៦(ប្រាំមួយ)ខែ និងប្រសិនបើពាក់ព័ន្ធលក្ខណៈបច្ចេកទេសធ្វើតេស្ត ត្រូវជូនដំណឹងទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា ដើម្បីពិនិត្យសាឡើងវិញនូវលទ្ធផលស្រាវជ្រាវ និងពិនិត្យលក្ខណៈបច្ចេកទេសធ្វើតេសត្ត។
មាត្រា ២២ មន្ត្រីកាន់កាប់បញ្ជី ត្រូវលុបចោលសិទ្ធិជាម្ចាស់ពូជថ្មីនៃដំណាំ ក្នុងករណីដូចខាងក្រោម៖
១- លក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៩ ឬ មាត្រា ១០ នៃច្បាប់នេះលែងបំពេញបាន
២- ម្ចាស់សិទ្ធិពូជថ្មីនៃដំណាំ មិនបានអនុវត្តតាមការតម្រូវរបស់មន្ត្រីកាន់កាប់បញ្ជីដោយ៖
- មិនផ្តល់ព័ត៌មាន ឯកសារ ឬពូជដំណាំដែលចាំបាច់សម្រាប់ការផ្ទៀងផ្ទាត់
- ខកខានមិនបានបង់កម្រៃដើម្បីរក្សាសិទ្ធិឲ្យទៅជាធរមាន ឬ
- មិនបានផ្តល់ឈ្មោះថ្មីសមស្រប បន្ទាប់ពីឈ្មោះពូជដំណាំដែលទទួលបានសិទ្ធិការពារនោះត្រូវបានលុប។
អនុលោមតាមលក្ខខណ្ឌដូចមានចែងក្នុងចំណុចទី១ និង២ នៃប្រការលេខ ២៩ មន្ត្រីកាន់កាប់បញ្ជីត្រូវចេញសេចក្តីសម្រេចលុបចោលបឋម ហើយជូនដំណឹងដល់ម្ចាស់សិទ្ធិអំពីសេចក្តីសម្រេចនេះ។ ក្នុងករណីម្ចាស់សិទ្ធិមិនពេញចិត្តនឹងសេចក្តីសម្រេចលុបចោលបឋមនេះ ម្ចាស់សិទ្ធិអាចធ្វើការតវ៉ាមកមន្ត្រីកាន់កាប់បញ្ជីត្រូវជូនដំណឹងម្ចាស់សិទ្ធិ និងត្រូវបោះពុម្ពផ្សាយក្នុងព្រឹត្តបត្រផ្លូវការ។